ច្បាប់និងសេចក្តីជូនដំណឹង
កិច្ចព្រមព្រៀង Brown Gift Card ដូចដែលមានខាងក្រោមពណ៌នាអំពីលក្ខខណ្ឌនានាដែលអនុវត្តទៅលើគណនីបង់ ប្រាក់ជាមុននៃ Brown Gift Card របស់អ្នក។ ការប្រើ Brown Gift Card របស់អ្នក នឹងមានន័យថាអ្នកយល់ព្រមទៅ នឹង លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។ សូមរក្សាច្បាប់ចម្លងនៃកិច្ចព្រមព្រៀងនេះ។
Brown Gift Card គឺជាកាតដែលបានចេញដោយ ក្រុមហ៊ុន ប្រោន ខហ្វហ្វី ហើយកាតនេះអនុញ្ញាតឲ្យម្ចាស់កាតអាចបញ្ចូលទឹកប្រាក់ (គិតជាដុល្លាអាមេរិក) ក្នុងទម្រង់ជាការបង់ប្រាក់ទុកជាមុន សម្រាប់ការប្រើប្រាស់ទៅលើរាល់ការទិញទំនិញ និងសេវាកម្មផ្សេងៗ ក្នុងហាង ប្រោន ខហ្វហ្វី នានាដែលចូលរួមសេវាកម្មនេះ។ Brown Gift Card គឺមិនត្រូវបានអនុញ្ញាតឲ្យធ្វើការផ្លាស់ប្តូរជាសាច់ប្រាក់វិញទេ ហើយទឹកប្រាក់ដែលបានបញ្ចូលទៅក្នុង Brown Gift Card ក៏មិនមានការទទួលបាននូវប្រាក់ភាគលាភ ឬក្នុងទម្រង់ជាប្រាក់ចំណូលប្រភេទណាមួយ ដែលតម្រូវឲ្យ ក្រុមហ៊ុន ប្រោន ខហ្វហ្វី ធ្វើការបង់ ឬផ្តល់ឲ្យជាឥណទាននោះឡើយ។
គ្រប់សាខាទាំងអស់របស់ក្រុមហ៊ុន ប្រោន ខហ្វហ្វី ដែលបានចូលរួមក្នុងសេវាកម្មនេះ គឺអាចទទួលយក Brown Gift Card ហើយក្រុមហ៊ុនសូមរក្សាសិទ្ធិមិនទទួលយក Brown Gift Card ឬរឹតត្បិតទៅលើការប្រើប្រាស់ Brown Gift Card ប្រសិនបើក្រុមហ៊ុនមានអំណះអំណាងគ្រប់គ្រាន់ដែលបង្ហាញថា ការប្រើប្រាស់ ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ឬ តាមរយៈការកេងបន្លំ ឬតាមវិធីមិនស្របច្បាប់។ សម្រាប់ព័ត៌មានថ្មីៗបន្ថែមទាក់ទងទៅនឹងបណ្ដាសាខាផ្សេងៗ ដែលចូលរួមសេវាកម្មនេះ សូមទំនាក់ទំនងមកទូរសព្ទលេខ (+855) 86 22 32 62 (telegram / whatsapp is available) / (+855) 23 214 089។
ម្ចាស់កាតអាចបញ្ចូលទឹកប្រាក់ទៅក្នុង Brown Gift Card នៅតាមបណ្ដាហាង ប្រោន ខហ្វហ្វី ទាំងអស់ ដែលបានចូលរួមក្នុងសេវាកម្មនេះ ក្រោមជម្រើសទឹកប្រាក់ ៥ ដុល្លារ ឬ ១០ ដុល្លារ ឬ ១៥ ដុល្លារ ឬ ២០ ដុល្លារ។ ក្រុមហ៊ុន ប្រោន ខហ្វហ្វីមានសិទ្ធិក្នុងការកែប្រែនូវចំនួនអតិបរមា និងអប្បបរមានៃទឹកប្រាក់ដែលអាចបញ្ចូលទៅក្នុង ក្នុងអំឡុងពេលណាមួយនៅថ្ងៃអនាគត ហើយរាល់ការផ្លាស់ប្ដូរនេះនឹងជូនដំណឹងដល់ម្ចាស់កាតនៅតាមម៉ាស៊ីនបញ្ជាទិញ (POS) ឬតាមរយៈលិខិតជូនដំណឹងក្នុងសាខាប្រោន ខហ្វហ្វី ឬ តាមរយៈទូរសព្ទ ឬនៅលើគេហទំព័ររបស់ក្រុមហ៊ុន។
រាល់ចំនួនទឹកប្រាក់ដែលបានបញ្ចូលទៅក្នុង Brown Gift Card ត្រូវបានកំណត់ទាំងប្រាក់រៀល និងប្រាក់ដុល្លារសហរដ្ឋអាមេរិក។ អត្រាការប្រាក់អាស្រ័យទៅតាមអត្រាប្តូរប្រាក់ជាក់ស្ដែង តាមកាលបរិច្ឆេទនៃប្រតិបត្តិការ ដែលកំណត់ដោយក្រុមហ៊ុន ប្រោន ខហ្វហ្វី។
រាល់ការកែប្រែ ឬផ្លាស់ប្តូរថ្មីៗពាក់ពន្ធទៅនឹងវិធីផ្សេងក្នុងការបញ្ចូលទឹកប្រាក់ នឹងផ្តល់ការជូនដំណឹងតាមរយៈកម្មវិធីទូរសព្ទ Brown Coffee និងនៅលើគេហទំព័ររបស់ក្រុមហ៊ុន។
Brown Gift Card និង សមតុល្យនៃកាត មិនមានកាលបរិច្ឆេទផុតកំណត់នោះទេ ហើយប្រសិនបើមានការផ្លាស់ប្តូឬ ការកែប្រែឲ្យប្រសើឡើងវិញណាមួយ ក្រុមហ៊ុននឹងធ្វើការផ្តល់ដំណឹងដល់ម្ចាស់កាត។
ម្ចាស់កាតមិនត្រូវបានផ្ញើឲ្យនូវរបាយការណ៍នៃប្រតិបត្តិការពីគណនីរបស់ Brown Gift Card ទេ។ ម្ចាស់កាត អាចឆែកមើលរាល់ប្រតិបត្តិការថ្មីៗ និងសមតុល្យគណនីតាមរយៈកម្មវិធីទូរសព្ទ Brown Coffee ឬតាមរយៈម៉ាស៊ីនបញ្ជាទិញ (POS) នៅបណ្ដាហាង ប្រោន ខហ្វហ្វី ឬ តាមរយៈគេហទំព័ររបស់ក្រុមហ៊ុន។ បង្កាន់ដៃដែលអ្នកទទួលបាននឹងមានបង្ហាញពីសមតុល្យគណនី ព្រមទាំងឈ្មោះម្ចាស់កាត បើសិនអ្នកធ្វើការទូទាត់ដោយប្រើប្រាស់ Brown Gift Card ហើយអ្នកមិនតម្រូវអោយចុះហត្ថលេខាលើបង្កាន់ដៃទេ។
ក្រុមហ៊ុន ប្រោន ខហ្វហ្វី សូមរក្សាសិទ្ធិក្នុងការកែតម្រូវទៅលើសមតុល្យនៃគណីរបស់ម្ចាស់កាត ប្រសិនបើក្រុមហ៊ុនជឿជាក់ថាមានកំហុសលើវិក្កយប័ត្រ ឬគណនេយ្យបានកើតឡើង។ បើសិនអ្នកមានចំងល់ទាក់ទងទៅនឹងប្រតិបត្តិការ ឬការកែតម្រូវណាមួយ ឬបើអ្នកមិនយល់ស្របនឹងប្រតិបត្តិការដែលមានក្នុងកាតរបស់អ្នក សូមធ្វើការទាក់ទងមកទូរសព្ទលេខ (+855) 86 22 32 62 (telegram / whatsapp is available) / (+855) 23 214 089។ ក្រុមហ៊ុន នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ បន្ទាប់ពីទទួលបានការស្នើសុំពីម្ចាស់កាត ហើយក្រុមហ៊ុននឹងធ្វើការកែតម្រូវទៅលើកំហុស (បើមាន) ឬផ្តល់ជាការពន្យល់ប្រសិនបើពុំមានកំហុសបច្ចេកទេសណាមួយត្រូវបានរកឃើញបន្ទាប់ពីការត្រួតពិនិត្យ។ ក្រុមហ៊ុននឹងមិនមានកាតព្វកិច្ចទទួលខុសត្រូវចំពោះកំហុសវិក្កយប័ត្រណា ដែលបានជូនដំណឹងលើសពីរយៈពេល ៣០ថ្ងៃ នៃកាលបរិច្ឆេទប្រតិបត្តិការនោះទេ។ ម្ចាស់កាតមានកាតព្វកិច្ចត្រួតពិនិត្យលើប្រតិបត្តិការ និងសមតុល្យគណនីផ្ទាល់ខ្លួនរបស់អ្នករៀងរាល់ការប្រតិបត្តិការនីមួយៗ។
ដោយហេតុថា Brown Gift Card មានតម្លៃនិងប្រើប្រាស់ស្មើនឹងសាច់ប្រាក់សម្រាប់ការទូទាត់នៅតាមបណ្ដាសាខា ប្រោន ខហ្វហ្វី ដូច្នេះម្ចាស់កាតតម្រូវអោយទទួលខុសត្រូវចំពោះរាល់ការទូទាត់តាមរយៈ Brown Gift Card របស់អ្នក ដែលរាប់បញ្ចូលរាល់ប្រតិបត្តិការដែលគ្មានការអនុញ្ញាតពីអ្នក។ បើសិនជាអ្នកបានបាត់កាត ឬកាតត្រូវបានលួច ឬខូចខាត សូមធ្វើការទាក់ទងមកកាន់ក្រុមហ៊ុនភ្លាមតាមរយៈទូរសព្ទលេខ (+855) 86 22 32 62 (telegram / whatsapp is available) / (+855) 23 214 089 នោះសមតុល្យក្នុងគណនីអ្នកនឹងត្រូវបានការពារពីពេលដែលអ្នកបានជូនដំណឹងមកក្រុមហ៊ុនពីការបាត់បង់កាត។ ក្រុមហ៊ុននឹងផ្អាកសមតុល្យក្នុងកាត បន្ទាប់ពីទទួលបានជូនដំណឹងពីអ្នក ហើយសមតុល្យដែលបានបង្ខាំងទុកនេះ នឹងផ្ទេរចូលទៅក្នុងកាតថ្មីរបស់អ្នក។ ក្រុមហ៊ុនស្នើសុំអោយម្ចាស់កាតធ្វើការជូនដំណឹងដល់ក្រុមហ៊ុន ប្រសិនបើអ្នកបានផ្លាស់ប្តូរព័ត៌មានណាមួយពីការចុះឈ្មោះរបស់អ្នក។
ក្រុមហ៊ុន ប្រោន ខហ្វហ្វី មានសិទ្ធិកែប្រែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះក្នុងពេលណាមួយ ដែលការកែប្រែរួមមានសិទ្ធិ ឬការទទួលខុសត្រូវនៃម្ចាស់កាត និងក្រុមហ៊ុនផ្ទាល់ ទៅលើការប្រើប្រាស់ Brown Gift Card ។ រាល់ការជូនដំណឹងពាក់ពន្ធទៅនឹងការលប់ ឬការកែប្រែណាមួយ ក្រុមហ៊ុននឹងផ្តល់ការជូនដំណឹងតាមរយៈអ៊ីម៉ែល (បើសិនអ្នកបានចុះលេខ និងព័ត៌មាននៃកាត) និងតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន។ ដោយយោងតាមការកំណត់នៃច្បាប់ដែលមានធរមាន រាល់ការលប់ ឬការកែប្រែណាមួយ នឹងអនុវត្តភ្លាមៗទៅលើកាតដែលកំពុងប្រើប្រាស់ និង កាតដែលនឹងប្រើប្រាស់នៅពេលអនាគត ហើយនឹងមានប្រសិទ្ធភាពចាប់ពីពេលដែលការកែប្រែនេះ បានផ្សព្វផ្សាយជូនដំណឹងជាសាធារណៈនៅលើគេហទំព័ររបស់ក្រុមហ៊ុន ឬតាមរយៈអ៊ីម៉ែល។ ម្ចាស់កាតត្រូវបានចាត់ទុកថាបានទទួលយកការកែប្រែនេះ ប្រសិនបើ (១) អ្នកពុំបានទំនាក់ទំនងមកក្រុមហ៊ុនជាលាយលក្ខណ៍អក្សរបន្ទាប់ពីទទួលបានការជូនដំណឹងក្នុងរយៈ ២០ ថ្ងៃ ឬក្នុងរយៈពេលកំណត់ដែលការជូនដំណឹងបានបញ្ជាក់ ឬ (២) ការប្រើប្រាស់កាតរបស់អ្នក បានធ្វើឡើងបន្ទាប់ក្រុមហ៊ុនបានអនុវត្តការកែប្រែនេះ។ ករណីដែលម្ចាស់កាតមិនអាចទទួលយកការកែប្រែនេះទេ នោះកាតរបស់អ្នកនឹងត្រូវបានលប់ចោល ហើយទឹកប្រាក់ដែលនៅសេសសល់ក្នុងគណនីនឹងត្រូវបានបង្វិលទៅអ្នកវិញ (លក្ខខណ្ឌនេះ នឹងត្រូវយកមកអនុវត្តនៅក្នុងករណីពិសេសប៉ុននោះ)។
ក្រុមហ៊ុន ប្រោន ខហ្វហ្វី មានសិទ្ធិផ្អាក ឬបញ្ចប់កិច្ចព្រមព្រៀង និងលប់ចោល ឬរិតត្បិតសិទ្ធិណាមួយ ឬរាល់សិទ្ធិ និងអត្ថប្រយោជន៍ដែលបានផ្តល់ឲ្យម្ចាស់កាតក្នុងកាលៈទេសៈណាមួយ ដោយមិនតម្រូវឲ្យមានការជូនដំណឹង ឬផ្តល់ការទទួលខុសត្រូវណាមួយឡើយ។ ការបញ្ចប់កិច្ចព្រមព្រៀងនេះ អាចបណ្ដាលមកពីសកម្មភាពប្រើប្រាស់កាតមិនគោរពតាមលក្ខខណ្ឌរួមានការកេងបន្លំ ឬការប្រើប្រាស់កាតដោយគ្មានការអនុញ្ញាតជាដើម។ ករណីបើក្រុមហ៊ុន បានបញ្ចប់កិច្ចព្រមព្រៀងដោយគ្មានមូលហេតុ នោះក្រុមហ៊ុននឹងធ្វើការបង្វិលសងទឹកប្រាក់ ឬផ្តល់ជាឥណទានស្មើនឹងសមតុល្យក្នុងគណនីកាតរបស់អ្នក សម្រាប់ការទិញទំនិញក្នុងហាង ប្រោន ខហ្វហ្វី ដែលបានចូលរួមសេវាកម្មនេះ។
កិច្ចព្រមព្រៀងនេះ ត្រូវបានគ្រប់គ្រង និងបកស្រាយ ដោយអនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
លក្ខខណ្ឌនេះ គឹត្រូវបានត្រៀមបម្រុងទុកដើម្បីបកស្រាយជាសាធារណៈ នៅពេលដែលមានទំនាស់ ឬពាក្យបណ្ដឹង កើតឡើងរវាងក្រុមហ៊ុន ប្រោន ខហ្វហ្វី និងម្ចាស់កាតក្នុងកាលៈទេសៈណាមួយ។ រាល់ទំនាស់ ឬការទាមទារដែលកើតចេញពីម្ចាស់កាត ទៅកាន់ក្រុមហ៊ុន (ការទាមទារទៅបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនមេ ឬសាខា) ពាក់ពន្ធទៅនឹងកិច្ចព្រមព្រៀងនេះ ឬទៅលើការប្រើប្រាស់កាតរបស់អ្នក (ក្នុងមូលដ្ឋានដោយផ្អែកលើកិច្ចព្រមព្រៀង ឬមូលដ្ឋានរដ្ឋប្បវេណី ឬ លក្ខន្តិកៈ ឬការបន្លំ ឬកំហុសនៃការបកស្រាយ ឬមូលដ្ឋានបែបទ្រឹស្ដីច្បាប់ណាមួយ) គឺតម្រូវឲ្យឆ្លងកាត់ការដោះស្រាយទំនាស់ដោយការចចារបែបសន្តិវិធីជាមុនសិន។
រាល់ការទាមទារ ឬទំនាស់ផ្សេងៗ គឺតម្រូវឲ្យម្ចាស់កាតផ្តល់ការជូនដំណឹងទៅកាន់ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន ប្រោន ខហ្វហ្វី ជាមុនដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនមានឪកាសក្នុងការដោះស្រាយទំនាស់តាមរយៈការពិភាក្សារ និងចចារ។ ប្រសិនបើ ទំនាសើ ឬការទាមទារមិនអាចឈានរកការយល់ស្របគ្នា ក្រោយពីព្យាយាមរកដំណោះស្រាយដោយសន្តិវិធីរយៈ ៦០ថ្ងៃ នោះម្ចាស់កាតអាចស្នើសុំដោះស្រាយតាមវិធាន មជ្ឈត្តការ (អាជ្ញារកណ្ដាល) នៅមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលស្ថិតនៅក្នុងរាធានីភ្នំពេញ ដោយមជ្ឈត្តករចំនួន៣នាក់ ចាត់តាំងស្របតាមវិធានអាជ្ញារកណ្ដាល។
រាល់ចំណាយលើថ្លៃសេវារដ្ឋបាលទាំងអស់ និងការចំណាយលើដំណើរការអាជ្ញារកណ្ដាល នឹងត្រូវបែងចែកស្មើគ្នារវាងភាគីពាក់ពន្ធ។ គូភាគី ត្រូវទទួលខុសត្រូវចំពោះចំណាយផ្ទាល់ខ្លួន លើការប្រើប្រាស់សេវាមេធាវី អ្នកជំនាញ សាក្សី ការរៀបចំឯកសារផ្សេង និងរាល់ចំណាយលើការបង្ហាញភុស្ដតាងក្នុងរយៈពេលនៃដំណើរការអាជ្ញារកណ្ដាល។
រាល់ Brown Gift Card នីមួយៗ ដែលលក់ដោយក្រុមហ៊ុន ប្រោន ខហ្វហ្វី ឬដោយសាខាក្រុមហ៊ុន គឺត្រូវបានអនុលោមស្របតាមការយល់ស្របដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ ហើយរាល់ការទទួលខុសត្រូវដោយក្រុមហ៊ុន ឬសាខា ចំពោះ Brown Gift Card មានដែនកំណត់ច្បាស់លាស់ គឹក្រុមហ៊ុន ឬសាខានៃក្រុមហ៊ុន មិនមានកាតព្វកិច្ចទទួលខុសត្រូវចំពោះការខាតបង់ផ្សេងៗ ដែលកើតចេះពីការធ្វេសប្រហែសរបស់ម្ចាស់កាត តាមរយៈកាតដែលត្រូវបានប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬ ការកែប្រែ ឬកាតដែលត្រូវបានលួច ឬកាតត្រូវបានកម្ទេច ដោយកត្តាណាមួយ ឬដោយសារការប្រើប្រាស់មិនត្រឹមត្រូវ ឬវិធីបន្លំ ឬដោយម៉ាស៊ីនបន្លំ ដែលសកម្មភាពទាំងនេះបង្កដោយម្ចាស់កាត ឬតតីយជន (ភាគីទីបី) ឬ កត្តាផ្សេងៗទៀតដែលហួសពីការគ្រប់គ្រងរបស់ក្រុមហ៊ុន។ ក្នុងករណីដែលបញ្ហាដែលកើតឡើងបណ្ដាលមកពីក្រុមហ៊ុន នោះក្រុមហ៊ុនទទួលខុសត្រូវត្រឹមសមតុល្យចុងក្រោយដែលមាននៅក្នុងកាតតែប៉ុននោះ។
ក្រុមហ៊ុន ប្រោន ខហ្វហ្វី មានសិទ្ធិទាំងស្រុងក្នុងការតែងតាំង ឬផ្ទេរសិទ្ធិពាក់ពន្ធនឹងកិច្ចព្រមព្រៀងនេះ ទាំងមូល ឬដោយផ្នែក ទៅកាន់បុគ្គលណាម្នាក់ ឬទៅកាន់តតីយជន (ជនទីបី) ដោយមិនតម្រូវឲ្យសុំការអនុញ្ញាត ឬផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅម្ចាស់កាតទេ។ អ្នកដែលទទួលសិទ្ធិគឺមានការទទួលខុសត្រូវដូចគ្នា និងសិទ្ធិដូចទៅនឹងអ្នកផ្តល់សិទ្ធិ ហើយតម្រូវឲ្យមានការយល់ព្រមជាលាយលក្ខណ៍អក្សរដោយគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងនេះ គឹជំនាស់ឲ្យ និងលុបចោលនូវរាល់ការចចារ ការរៀបចំ កិច្ចសន្យាចាស់ និងរាល់ការយល់ព្រមផ្សេងៗ (បើមាន)រវាងក្រុមហ៊ុន និងម្ចាស់កាត ហើយរាល់សំណើរចាស់នឹងមិនត្រូវបានយកមកបកស្រាយ ឬអនុវត្តក្នុងកិច្ចព្រមពៀងនេះទេ។ ករណីដែលផ្នែកណាមួយនៃកិច្ចព្រមព្រៀង ឬប្រការណាមួយនៃកិច្ចកិច្ចព្រមព្រៀង ត្រូវបានប្រកាសថាអស់សុពលភាព ឬមោឃៈ ឬចាត់ទុកថាមិនអាចអនុវត្តបានយោងតាមបទបញ្ញត្តិនៃច្បាប់ដែលមានជាធរមាន នោះការអស់សុពលភាព ឬមោឃៈនៃផ្នែក ឬប្រការណាមួយនោះ នឹងមិនត្រូវប៉ះពាល់ឬមានឥទ្ធិពលមកលើផ្នែក ឬប្រការផ្សេងទៀតនៃកិច្ចព្រមព្រៀងដែលបានប្រកាសឬបកស្រាយថានៅមានប្រសិទ្ធិភាព និងអនុវត្តបានទេ ហើយរាល់ផ្នែកឬប្រការដែលនៅមានប្រសិទ្ធិភាពនឹងត្រូវបន្តប្រើប្រាស់រហូតដល់កាលបរិច្ឆេទបញ្ចប់កិច្ចព្រមព្រៀង។
ប្រសិនបើអ្នកមានសំណួរណាមួយទាក់ទងទៅនឹងកិច្ចព្រមព្រៀង ឬ Brown Gift Card របស់អ្នក សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុនគឺ https://www.browncoffee.com.kh/page/Brown_Gift_Card ឬធ្វើការទំនាក់ទំនងមកកាន់ទូរសព្ទលេខ (+855) 86 22 32 62 (telegram / whatsapp is available) / (+855) 23 214 089។